ព័ត៌មានថ្មីៗ

ជប៉ុនផ្តើមអនុញ្ញាតិឲ្យចូលប្រទេស ចំពោះអ្នកពាណិជ្ជកម្ម សិក្សាក្រៅប្រទេស ឬ បណ្តុះបណ្តាលបច្ចេកទេស ចាប់ពីថ្ងៃច័ន្ទ

 

តូក្យូ -- រដ្ឋាភិបាលជប៉ុនបានចេញសេចក្តីប្រកាសកាលពីថ្ងៃសុក្រថា នឹងអនុញ្ញាតិឲ្យចូលប្រទេសជប៉ុន ចំពោះវីសាប្រភេទ ពាណិជ្ជកម្ម សិក្សាក្រៅប្រទេស ឬ បណ្តុះបណ្តាលបច្ចេកទេស ចាប់ពីថ្ងៃច័ន្ទនេះតទៅ ។​

អ្នកដែលបានមកដល់ជប៉ុនក្នុងវីសាដំណើរពាណិជ្ជកម្មរយៈពេលខ្លី នឹងតម្រូវអោយធ្វើចត្តាឡីស័កត្រឹមតែ ៣​ ថ្ងៃប៉ុណ្ណោះ ប្រសិនបើពួកគេបានចាក់ថ្នាំបង្ការមួយ ក្នុងចំណោមថ្នាំបង្ការដែលទទួលស្គាល់ដោយជប៉ុន រួមមាន ហ្វៃហ្សឺ (Pfizer) ម៉ូដឺណា (Moderna) ឬ អាស្ត្រាហ្សេនីកា (AstraZeneca) ។

ប្រសិនបើគេចេញលទ្ធផលតេស្តនៅថ្ងៃទី៣ថា អវិជ្ជមាន នោះគេមិនចាំបាច់ធ្វើចត្តាឡីស័កតទៅទៀតឡើយ ប៉ុន្តែតម្រូវឲ្យដាក់គំរោងសកម្មភាពរយៈពេល ៧ ថ្ងៃ ទៅរដ្ឋាភិបាល ។

ចំពោះអ្នកដែលមានបំណងស្នាក់នៅរយៈពេលយូរ ដូចជាសិស្សអន្តរជាតិ ឬសិក្ខាកាមបច្ចេកទេស តម្រូវឲ្យធ្វើចត្តាឡីស័ក រយៈពេល ១៤ ថ្ងៃ ។

ចំពោះអ្នកដែលមិនបានចាក់ថ្នាំបង្ការ ឬចាក់ថ្នាំបង្ការដែលជប៉ុនមិនទទួលស្គាល់ នឹងត្រូវធ្វើចត្តាឡីស័ក ១៤ ថ្ងៃ នៅកន្លែងដែលបានកំណត់ ឬនៅកន្លែងដែលខ្លួនស្នាក់នៅ អាស្រ័យលើប្រទេសដែលចេញមក ។