ជប៉ុននឹងបន្ធូរបន្ថយច្បាប់ទិដ្ឋាការអាជីវកម្ម រកអ្នកមានទេពកោសល្យពីបរទេស
តូក្យូ៖ ប្រទេសជប៉ុនមានបំណងជំរុញទីផ្សារចាប់ផ្តើមអាជីវកម្មរបស់ខ្លួន ដោយការបន្ធូរបន្ថយច្បាប់សម្រាប់ជនបរទេសដែលស្វែងរកទិដ្ឋាការចាប់ផ្តើម និងបង្កើតអាជីវកម្មថ្មី ថែមទាំងដោយអនុញ្ញាតឱ្យ ក្រុមហ៊ុនឯកជនអាចរត់ការផ្នែក នៃដំណើរការពិនិត្យ។
ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម នឹងកែប្រែច្បាប់នេះឡើងវិញនៅដើមរដូវក្តៅ។ ទិដ្ឋាការចាប់ផ្តើមអាជីវកម្មត្រូវបានបម្រុងទុកសម្រាប់ជនបរទេសដែលរំពឹងថានឹងបើកអាជីវកម្ម នៅក្នុងប្រទេសជប៉ុន ក្នុងរយៈពេល១ឆ្នាំ ក្រោយមកដល់។
រហូតមកដល់ពេលនេះ ប្រទេសជប៉ុនបានអនុញ្ញាតឱ្យតែរដ្ឋបាលក្នុងតំបន់ប៉ុណ្ណោះ ដើម្បីដើរតួជាអន្តរការីក្នុងការចេញទិដ្ឋាការពេលចាប់ផ្តើមអាជីវកម្ម ដូចជាការពិនិត្យមើលផែនការអាជីវកម្ម និងជួយដល់ជីវភាពរបស់សហគ្រិន។ សាលាក្រុងចំនួន ១៦ រួមមាន ហ៊្វុគុអូកា និងសង្កាត់ ស៊ីប៊ូយ៉ា នៃទីក្រុងតូក្យូ ត្រូវបានចាត់តាំង។
ការផ្លាស់ប្តូរច្បាប់ ដែលបានគ្រោងទុកក៏នឹងអនុញ្ញាតឱ្យក្រុមហ៊ុនបណ្តាក់ទុន និងអ្នកពន្លឿនការចាប់ផ្តើមអាជីវកម្ម ដែលត្រូវបានទទួលស្គាល់ដោយរដ្ឋាភិបាល ពិនិត្យមើលផែនការរបស់អ្នកដាក់ពាក្យសុំ និងចេញឯកសារបឋម។ ការបន្ថែមវិស័យឯកជនទៅក្នុងដំណាក់កាលពិនិត្យ គឺមានបំណងបង្កើនល្បឿននៃការចេញទិដ្ឋាការ។
ជនបរទេសត្រូវការទិដ្ឋាការអ្នកគ្រប់គ្រងអាជីវកម្ម ដើម្បីចាប់ផ្តើមសហគ្រាសនៅប្រទេសជប៉ុន។ លក្ខខណ្ឌរួមមានការមានបុគ្គលិក និងដើមទុនយ៉ាងហោចណាស់ ៥ លានយ៉េន (36,750 ដុល្លារ) ដែលធ្វើឱ្យវាពិបាកក្នុងការដាក់ពាក្យសុំបន្ទាប់ពីបានមកដល់ប្រទេសជប៉ុន។
ប្រទេសជប៉ុនបានដាក់ចេញទិដ្ឋាការចាប់ផ្តើមអាជីវកម្មក្នុងឆ្នាំ ២០១៨។ បន្ថែមពីលើការបន្ធូរបន្ថយលក្ខខណ្ឌ វាអនុញ្ញាតឱ្យមានរយៈពេលរៀបចំ ១ ឆ្នាំ។
នៅទូទាំងពិភពលោក យ៉ាងហោចណាស់ប្រទេស និងតំបន់ចំនួន 30 បានចេញនូវ ទិដ្ឋាការសម្រាប់សហគ្រិន។ ក្នុងករណីជាច្រើន កម្រិតនៃការច្នៃប្រឌិត និងផលប៉ះពាល់លើសង្គមគឺស្ថិតក្នុងចំណោមកត្តា ដែលត្រូវបានពិចារណា មុនពេលចេញទិដ្ឋាការ។
ទិដ្ឋាការចាប់ផ្តើមអាជីវកម្មរបស់ប្រទេសជប៉ុនត្រូវបានរិះគន់ថាមានភាពស្មុគស្មាញ ដោយមានការស្នាក់នៅរយៈពេលខ្លី។ អ្នកកាន់ទិដ្ឋាការអាចស្នាក់នៅក្នុងប្រទេសជប៉ុនបានរយៈពេលអតិបរមា ១ ឆ្នាំកន្លះ បន្ទាប់ពីនោះពួកគេត្រូវតែត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេ។ ការកែប្រែរយៈពេលនៃការស្នាក់នៅកំពុងត្រូវបានពិចារណា។
កាលពីថ្ងៃអង្គារ ក្រសួងសេដ្ឋកិច្ចបានបង្ហាញគោលការណ៍ណែនាំ សម្រាប់វិធានការគាំទ្រ ដែលផ្តល់អត្ថប្រយោជន៍ដល់ការចាប់ផ្តើមអាជីវកម្ម។ បន្ថែមពីលើការពង្រីកចំនួនទិដ្ឋាការ ផែនការនេះរួមបញ្ចូលទាំង ការស្នើសុំការកែសម្រួលប្រព័ន្ធពន្ធដារសម្រាប់ជម្រើសភាគហ៊ុន ដើម្បីទទួលបានធនធានមនុស្សដែលមានជំនាញខ្ពស់។