ព័ត៌មានថ្មីៗ

ក្រុមហ៊ុនជប៉ុន មានបុគ្គលិកជាសិក្ខាកាម ជាង ៧២០០ ល្មើសច្បាប់

 តូក្យូ - ថ្មីៗនេះ រដ្ឋាភិបាលបានធ្វើការរិះគន់ ដល់ក្រុមហ៊ុនជាច្រើន ដែលប្រព្រឹត្តល្មើសច្បាប់ ជាពិសេស ពាក់ព័ន្ធនឹង សិទ្ធិមនុស្ស។​ ហើយកាលពីឆ្នាំទៅ បានរកឃើញថា ក្រុមហ៊ុនច្រើនជាង ៧២០០ ក្រុមហ៊ុន ដែលជ្រើសរើស និងជួលបុគ្គលិក ដែលជាសិក្ខាកាមបរទេស បានអនុវត្តខុសច្បាប់ នៅក្នុងប្រទេសជប៉ុន។​ 



បើយោងតាមទិន្នន័យ របស់ក្រសួងការងារ ដែលចុះទៅត្រួតពិនិត្យដល់កន្លែងការងារ ចំនួន​ ៩៨២៩ បានឲ្យដឹងថា ការរំលោភបំពានជារួម ពាក់ព័ន្ធនឹងកំហុសនៃ ច្បាប់សុវត្ថិភាព ហើយនិង ការមិនបើកប្រាក់ឈ្នួល ត្រឹមត្រូវ។​

ទិន្នន័យនេះបានកើតឡើង នៅពេលដែលរដ្ឋាភិបាលពិចារណា លើការកែតម្រូវកម្មវិធីសិក្ខាកាម ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៣។ ប្រព័ន្ធនេះត្រូវបានបង្ហាញជាចម្បង លើវិស័យកសិកម្ម និងផលិតកម្ម ប៉ុន្តែត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យកាន់តែខ្លាំងឡើង បន្ទាប់ពីមានការចោទប្រកាន់ ជាច្រើនអំពី ការរំខានបៀតបៀន និងការរំលោភបំពានសិក្ខាកាម។

ក្នុងចំណោមការបំពានដែលត្រូវបានរកឃើញដោយអធិការកិច្ច មាន២៣២៦ ករណី ឬ ២៣,៧ ភាគរយ គឺបំពានលើច្បាប់សុវត្ថិភាព ដូចជាការប្រើប្រាស់ម៉ាស៊ីន ដែលមិនមានសុវត្ថិភាព ខណៈដែល ១,៦៦៦ ករណី ឬ ១៦,៨ ភាគរយ គឺទាក់ទងនឹងប្រាក់ឈ្នួល ដែលមិនបានបើក ។ហើយក្រុមហ៊ុនមួយត្រូវបានរកឃើញថា សិក្ខាកាមបរទេស ៤នាក់ ធ្វើការលើសម៉ោងខុសច្បាប់ លើសពី ១០០ ម៉ោងក្នុងមួយខែ។

ក្នុងករណីមួយទៀត សិក្ខាកាមបរទេសម្នាក់ ត្រូវបានប្រគល់ភារកិច្ចឱ្យបញ្ជាឡានស្ទូច​ក្នុងការលើក​ របស់ទម្ងន់លើសពី ១ តោន បើទោះបីបុគ្គលនោះមិនទាន់បានបញ្ចប់វគ្គបណ្តុះបណ្តាលចាំបាច់  ហើយគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីអនុវត្តប្រតិបត្តិការ បែបនោះក៏ដោយ។

គិតត្រឹមដំណាច់ឆ្នាំ ២០២២ មានសិក្ខាកាមបរទេសប្រមាណ ៣២៥.០០០ នាក់នៅក្នុងប្រទេសជប៉ុន កើនឡើងពីចំនួន ២៧៦.០០០ នាក់ក្នុងឆ្នាំ ២០២១។

កាលពីចុងខែមេសា គណៈកម្មាការរដ្ឋាភិបាលបានស្នើឱ្យលុបចោលកម្មវិធីសិក្ខាកាម សម្រាប់ជនបរទេស ហើយប្តូរទៅប្រព័ន្ធថ្មីមួយ ដើម្បីដោះស្រាយអត្រាប្រេវ៉ាឡង់ នៃករណីពាក់ព័ន្ធនឹងប្រាក់ឈ្នួលដែលមិនបានទទួល និងការរំលោភសិទ្ធិមនុស្ស ផ្សេងទៀត។

ក្រុមអ្នករិះគន់និយាយថា ទោះបីជាកម្មវិធីដែលមានស្រាប់ មានលក្ខណៈជាក់ស្តែង ដើម្បីផ្ទេរចំណេះដឹង និងជំនាញទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍ក៏ដោយ ប៉ុន្តែការអនុវត្តជាក់ស្តែង វាត្រូវបានប្រើប្រាស់ជា គម្របសម្រាប់ក្រុមហ៊ុន ដែលស្វែងរកការនាំចូលកម្លាំងពលកម្មថោក ពីបរទេស ប៉ុណ្ណោះ ខណៈដែលចំនួនប្រជាជនក្នុងវ័យធ្វើការនៅក្នុងប្រទេសជប៉ុន នៅតែបន្តធ្លាក់ចុះ។


រក្សាសិទ្ធិ ក្យូដុ