ព័ត៌មានថ្មីៗ

គណបក្សកុម្មុយនិស្តជប៉ុនជ្រើសរើស ស្ត្រីជាប្រធានបក្ស ដំបូងគេ



គណបក្សកុម្មុយនិស្តជប៉ុន (JCP) បានជ្រើសរើសលោកស្រី តាមុរ៉ា តូម៉ូកូ ជាមេដឹកនាំស្ត្រីដំបូងគេរបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ ដោយជាក់ស្តែង ក្នុងក្តីសង្ឃឹម នៃការពង្រីកមូលដ្ឋានគាំទ្រ របស់ខ្លួន និងទាក់ទាញអ្នកបោះឆ្នោត ឱ្យកាន់តែទូលំទូលាយ។

សមាជិកសភាជាន់ខ្ពស់ តាមុរ៉ា អាយុ ៥៨ ឆ្នាំ ឡើងកាន់តំណែងជាប្រធានគណបក្ស នយោបាយ ដែលមានអាយុកាល​ ១០២ ឆ្នាំ ដែលចាស់ជាងគេ ក្នុងប្រទេសជប៉ុន បន្ទាប់ពីលោក ស៊ីអ៊ិ កាហ្ស៊ុអុ អាយុ ៦៩ ឆ្នាំ ដែលបានបម្រើការ នៅក្នុងតំណែងនេះ ចាប់តាំងពីឆ្នាំ ២០០០ មកម៉្លេះ និងជាប្រមុខ ដែលបានកាន់តំណែង យូរបំផុត ក្នុងចំណោមគណបក្សនយោបាយជប៉ុនធំៗ។ 

ការ​សម្រេច​ចិត្ត​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​សមាជ​បក្ស​ នៅ​ទីក្រុង អាតាមិ ខេត្ត ស៊ីហ្ស៊ុអូកា។ ហើយ លោក ស៊ីអ៊ិ ត្រូវ​បាន​តែង​តាំង​ជា ​ប្រធាន​គណៈកម្មាធិការ​កណ្តាល​របស់ JCP ដែល​ជា​ស្ថាប័ន​បង្កើត​គោល​នយោបាយ​សំខាន់ ដែល​លោក​នឹង​បន្ត​មាន​ឥទ្ធិពល​ខ្លាំង ​លើ​ទិសដៅ​របស់​គណបក្ស។